រដ្ឋមន្ត្រីពាណិជ្ជកម្ម ធ្វើជាវាគ្មិនកិត្តិយសតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំ “Round Table: South-East Asia Sourcing” នៅទីក្រុងប៉ារីស ប្រទេសបារាំង

25 Sep 2017 / 11:00 AM

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចូលរួមក្នុងកិច្ចប្រជុំ “Round Table: South-East Asia Sourcing” ដែលមានអ្នកចូលរួមប្រមាណជាង ៥០នាក់ រួមមាន៖ តំណាងទូតមួយចំនួនប្រចាំនៅប៉ារីស អ្នកជំនាញការ អ្នកបញ្ជារទិញ (BUYER) អ្នកសារព័ត៌មាន និងអ្នកតំណាងពាក់ព័ន្ធនឹងឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ដែលមកពីប្រទេសផ្សេងៗជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការរៀបចំកម្មវិធី ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជា និងបានផ្តល់ឱ្យ កម្ពុជាធ្វើជាប្រទេសកិត្តិយស និងជាវាគ្មិនកិត្តិយស នៅក្នុងកិច្ចប្រជុំ “Round Table: South-East Asia Sourcing” នេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមទាំងអស់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសតូចមួយ មានប្រជាជនចំនួនប្រមាណជាង១៥លាននាក់ តែសេដ្ឋកិច្ចកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់។ កម្ពុជា ជាទីកន្លែងមួយដែលមានសុវត្ថិភាព និងមានភាពទាក់ទាញផ្នែកសេដ្ឋកិច្ចក្នុងអាស៊ីអាគ្នេយ៍ផងដែរ ដោយកម្ពុជាមាន ស្ថេរភាពនយោបាយ ស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច តម្លាភាពត្រឹមត្រូវ និងប្រព័ន្ធច្បាប់ច្បាស់លាស់ ដែលជាមូលដ្ឋានដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សេដ្ឋកិច្ច នៃប្រទេសកម្ពុជាមានកំណើនជាមធ្យម ៧% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។ តាមរយៈការចូលជាសមាជិករបស់អាស៊ាន (ឆ្នាំ១៩៩៩) និងការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (ឆ្នាំ២០០៤) កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច របស់ខ្លួនភ្ជាប់ទៅនឹងក្នុងប្រព័ន្ធពាណិជ្ជកម្មតំបន់ និងពិភពលោក។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវកំលាំងចលករសំខាន់ចំនួន៤ ដែលកំពុងតែជំរុញកំណើនសេដ្ឋកិច្ច រួមមាន: ទី១- វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង ទី២- វិស័យសំណង់ ទី៣- វិស័យ ទេសចរណ៍ និងទី៤- វិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីជំរុញឱ្យវិស័យទាំងបួននេះ កាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមានការអភិវឌ្ឍកាន់តែខ្លាំងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងការប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញនៅត្រឹមឆ្នាំ២០២៥។

ទាក់ទងនឹងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមកាត់ដេរ និងស្បែកជើងកម្ពុជា បានប្រាប់ភ្ញៀវអ្នកចូលរួមថា កម្ពុជា មានរោងចក្រកាត់ដេរជាង ៥០០ បាននឹងកំពុងផលិតសម្លៀកបំពាក់ឱ្យអ្នកបញ្ជារទិញធំៗ និងល្បីៗលើពិភពលោក ហើយបានកំពុងនាំចេញទៅបណ្តាប្រទេសជាច្រើន ជាពិសេសសហគមន៍អឺរ៉ុប អាមេរិក កាណាដា និងជប៉ុន។ អ្វីដែលពិសេសសម្រាប់ឆ្នាំនះ គឺកម្ពុជាបានដឹកនាំ ពាណិជ្ជករកម្ពុជាចំនួន ០៩ក្រុមហ៊ុន និងនាំមកនូវអ្នកបញ្ចេញម៉ូត ជាមួយនិងម៉ូតសម្លៀកបំពាក់កម្ពុជាដែលបានរចនាបែបទាន់សម័យផងដែរ មកចូលរួមពិព័រណ៍ “APPAREL SOURCING PARIS 2017” ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-បារាំង ក៏ដូចជាស្វែងរកទីផ្សារអឺរ៉ុប និងជំរុញឱ្យមានការកើនឡើងនូវការវិនិយោគនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។

ក្នុងការជំរុញឱ្យមានការកើនឡើងនូវការវិនិយោគនៅកម្ពុជាលើវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ភ្ញៀវអ្នកចូលរួមថា កម្ពុជា មានកម្លាំងពលកម្មដ៏ខ្លាំងក្លាជាមួយនិងឈ្នួលពលកម្មទាប ហើយមានធនធានដ៏សម្បួរបែប។ ក្នុងនាមកម្ពុជា ជាប្រទេស LDC កម្ពុជាទទួលបាននូវប្រព័ន្ធអនុគ្រោះ “EVERYTHING BUT ARMS (EBA)” ដែលជាប្រព័ន្ធមួយអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញទំនិញគ្រប់ប្រភេទ (លើកលែងតែអាវុធ) ទៅកាន់សហគមន៍អឺរ៉ុប ដោយមិនជាប់ពន្ធ និងកាតព្វកិច្ចផ្សេងៗឡើយ។ លើសពីនេះទៅទៀត តាមរយៈប្រព័ន្ធអនុគ្រោះ GSP/MFN ផងដែរ ប្រទេសកម្ពុជាអាចនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ស្បែកជើង អង្ករ ស្ករត្នោត ម្រេច និងផលិតផលផ្សេងៗទៀតទៅកាន់សហគមន៍អឺរ៉ុប។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានជំរុញដល់ភ្ញៀវអ្នកចូលរួមទាំងអស់ ជាពិសេសអ្នកវិនិយោគធំៗ ឱ្យបន្តជជែកពិភាក្សាគ្នា និងសហការគ្នាជាមួយកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ក៏ដូចជាស្វែងរកទីផ្សារ និងចាប់ដៃគូវិនិយោគរួមគ្នាលើវិស័យកាត់ដេរ និងសម្លៀកបំពាក់ទៅថ្ងៃអនាគត។

Love to share on

Related News

The Opening Ceremony of 25th Enhanced Integrated Framework (EIF) 11 Oct 2017 / 04:00 PM
ពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា 02 Oct 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី 29 Sep 2017 / 10:00 AM
ទីក្រុងណាននីង ប្រទេសចិន៖​ នៅក្នុងអំឡុងពេលនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧។ 14 Sep 2017 / 12:00 PM
The 49th Meeting of the ASEAN Economic Ministers (AEM) and Related Meetings from 7-11 September, 2017 11 Sep 2017 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគាំទ្រចំពោះគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ 08 Sep 2017 / 11:00 AM
កិច្ចប្រជុំគណៈកម្មការរៀបចំគោលនយោបាយជាតិសម្រាប់ដំឡូងមីកម្ពុជា 06 Sep 2017 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន 05 Sep 2017 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម នាំយកអំណោយប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នាឱកាសបុណ្យភ្ជំបិណ្ឌ 05 Sep 2017 / 10:00 AM
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបថ្មី 04 Sep 2017 / 10:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION