ក្រុងព្រះសីហនុ - នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO /MoC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្មវិធីអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម និងលទ្ធផលសម្រេចបានក្រោមកម្មវិធី EIF CEDEP II» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋាភិបាល វិស័យឯកជន និងអ្នកទទួលពីគម្រោងប្រមាណ ៦០ នាក់ ក្នុងនោះ ៦៥% ជាស្រ្តី។ សិក្ខាសាលានេះមានគោលបំណងចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ល្អ និងសារៈសំខាន់នៃជំនួយពាណិជ្ជកម្ម និងការរួមចំណែករបស់ជំនួយពាណិជ្ជកម្មចំពោះកំណើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលទ្ធផលសម្រេចបានក្រោមគម្រោង EIF CEDEP II រួមមានដំឡូងមី ត្រីសមុទ្រ វិទ្យាស្ថានធ្វើម្ហូបកម្ពុជា (ACAC) ។

 

 

 


ក្នុងសន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅនៅក្នុងពីធីបើកសិក្ខាសាលា លោកជំទាវ
 តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ ហេតុអ្វីបានជាការអភិវឌ្ឍន៍ពាណិជ្ជកម្ម មានសារៈសំខាន់សម្រាប់កំណើនការងារ ប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចមានបរិយាប័ន? លោកជំទាវរដ្ឋលេខាធិការ បានបន្តថា៖ «ក្នុងស្ថានភាពទីផ្សារមានភាពប្រគួតប្រជែងខ្លាំងនៅក្នុងតំបន់ និងបញ្ហាប្រឈមលើបញ្ហាគម្លាតជំនាញ គុណភាព និងសុវត្ថិភាពផលិតផលកែច្នៃនៅក្នុងតំបន់ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង យើងបានអនុវត្តជាជំហានៗច្បាស់លាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាថា ធុរកិច្ចរបស់យើងនៅតែមានការប្រកួតប្រជែង និងមានភាពរឹងមាំយូអង្វែង ... យើងកំពុងចចារជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងសហភាពអឺរ៉ុប ដើម្បីពិនិត្យលទ្ធភាពសក្តានុពលសម្រាប់ផលិតផលនាំចេញថ្មីៗ និងកំណត់ទីផ្សារសម្រាប់ផលិតផលជាក់លាក់... យើងបានស្នើរទៅកាន់ដៃគូអភិវឌ្ឍន៍របស់យើង (DPs), EIF និងជាពិសេស EU ដើម្បីស្វែងរកជំនួយពាណិជ្ជកម្ម ដោយផ្តោតលើកម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្ម សម្រាប់ការធ្វើពិពិធកម្មផលិតផល និងការពង្រីកនាំចេញ ដោយយើងបន្តធ្វើកិច្ចសហប្រតបត្តិការជាមួយដៃគូរបស់យើងដើម្បីឲ្យកាងារអភិវឌ្ឍន៍មានប្រសិទ្ធភាពក្នុងរយៈពេលវែង...។»

 

 

 

 


សិក្ខាសាលាបានផ្តល់ឱកាសដល់អ្នកទទួលផលពីគម្រោង ចែករំលែកបញ្ហាទូទៅ និងបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងវិធីប្រើប្រាស់បច្ចេកវិជ្ជា ការអនុវត្តន៍អនុលោមភាពតាមបទដ្ឋានស្តង់ដារសម្រាប់ផលិតផលជលផលសមុទ្រ សមត្ថភាពនៅមានកំរិតក្នុងការអភិវឌ្ឍន៍ទីផ្សារ និងចែករំលែកព័ត៌មានទាក់ទងទៅនឹងដំណោះស្រាយ ដោយផ្អែកលើបទពិសោធន៍របស់ពួកគាត់ផ្ទាល់ មានដូចជាការធ្វើទំនើបកម្មជំនាញផ្នែកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ
 ការធ្វើទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ និងគោលនយោបាយគាំទ្រសម្រាប់ឧស្សាហកម្មជលផលសមុទ្រ។ លោក ជិន សំណាង ប្រធានសម្ព័ន្ធសមាគមនេសាទសមុទ្រកម្ពុជា (AFAC) បានលើកឡើងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងពាណិជ្ជកម្ម អង្គការ UNIDO, និងគម្រោង EIF CEDEP II ចំពោះការគាំទ្រ និងធ្វើការយ៉ាងជិតស្និតជាមួយសម័ន្ធសមាគមនេសាទសមុទ្រកម្ពុជា។ ...ដោយមានសំណាងល្អទទួលបានការគាំទ្រ និងការអភិវឌ្ឍន៍ជំនាញបានប្រសើរជាងមុន ធ្វើឲ្យខ្ញុំមានលទ្ធភាពដឹកនាំ AFAC ចាប់ពីពេលនេះតទៅដើម្បីផលប្រយោជន៍សហគមទាំងមូល។»

 

 

 


សំខាន់ជាងនេះ សិក្ខាសាលាបានផ្តល់ឱកាសដ៏កម្រមួយសម្រាប់អ្នកចូលរួមក្នុងការសិក្សាពីការអនុវត្តល្អបំផុត សម្រាប់ការកែច្នៃផលិតផលនេសាទ និងអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន ដែលគម្រោងគាំទ្រ ជាពិសេសបានយល់ដឹងបន្ថែមពីនិន្នាការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សិក្ខាសាលាក៏បានយកឱកាសនេះ រំលឹកដល់សហគមន៍អ្នកនេសាទ កសិករ និងអ្នកកែច្នៃដំឡូងមី អំពីសារៈសំខាន់ ដែលគួពិចារណាយកបទពិសោធន៍ពីការអនុវត្តល្អនាពេលបច្ចុប្បន្ន ធ្វើជាមធ្យោបាយក្នុងការរៀបចំផែនការការងារអាជីវកម្ម និងពិនិត្យឡើងវិញលើគុណភាព ដើម្បីនិរន្តភាព។ បទបង្ហាញសំខាន់ៗក្នុងអង្គសិក្ខាសាលារួមមាន Trade SWAp, គម្រោង EIF CEDEP II (ដំឡូងមី, ជលផលសមុទ្រ) និង គម្រោង AIMS ដែលជាគម្រោងកម្ចីពីអង្គការ IFAD ដែលបានផ្តោតលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃសម្រាប់សាច់មាន់ស្រែ បន្លែ សូត្រ និងអង្ករក្រអូប។ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗក៏ត្រូវបានលើកយកមកបង្ហាញនៅក្នុងសិក្ខាសាលាផងដែរ។

 

 


គម្រោងពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ជំហាន ២ បានទទួលការគាំទ្រពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងសិក្ខាសាលាលើកទី ៥ នេះរៀបចំឡើងដោយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម (DICO / MoC) ដែលជាអង្គភាពជាតិអនុវត្តគម្រោង (INU) ។







ស្ថិតិអ្នកចូលទស្សនា

  • 9
  • 46
  • 317
  • 8714
  • 466572