ក្រសួងពាណិជ្ជកម្ម និងUNDP បានផ្តើមពិភាក្សាបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍវិស័យដំឡូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ និងវឌ្ឍនភាពខ្សែសង្វាក់តម្លៃ

 

សមាសភាគដំឡូងមីនៃកម្មវិធីពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហាន ២ (CEDEP II) ផ្តល់មូលនិធិដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) អនុវត្តដោយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន (DPSD) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (DICO) នៃក្រសួងពាណិជ្ជកម្ម បានផ្តើមពិភាក្សាបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍវិស័យដំឡូងមី តាមរយៈការផ្សារភ្ជាប់ទីផ្សារ និងវឌ្ឍនភាពខ្សែសង្វាក់តម្លៃ ។ សិក្ខាសាលារយៈពេលមួយថ្ងៃនេះ បានរៀបចំនៅឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសកម្មភាពអភិវឌ្ឍក្រោមកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធកន្លងមក និងពិភាក្សាយុទ្ធសាស្រ្តឆ្ពោះទៅរកការពង្រឹងវិស័យដំឡូងមី សម្រាប់ជាប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ មានអ្នកចូលរួមប្រមាណ ១០០ នាក់ ជាអ្នកទទួលផលពីគម្រោងដំឡូងមី សមាជិកក្រុមស្នូលអញ្ជើញមកពីក្រសួងពាក់ព័ន្ធ មន្ត្រីមកពីមន្ទីរនានាកសិកម្ម មន្ទីរពាណិជ្ជកម្ម និងសមាគមដំឡូងមីមកពីខេត្តគោលដៅរបស់គម្រោង ។

 

កិច្ចពិភាក្សាដែលបានផ្តោតសំខាន់លើបញ្ហាគន្លឹះ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវិស័យដំឡូងមីនេះ​ត្រូវបានចាប់ផ្តើមចាប់តាំងពីការសម្ភោធដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្ត
សមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៤ - ២០១៨ (CTIS 201 4 - 2018) ដែលបានប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពី
 ខែកុម្ភៈ ឆ្នាំ២០១៤ និងបានឆ្លើយតបតាមសំណើរបស់ក្រសួងពាណិជ្ជកម្ម ។ នៅក្នុងផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្ត CTIS 2014 - 2018 បានកំណត់អាទិភាព អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យដំឡូងមីប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ទាំងអ្នកនាំចេញដំឡូងមីផង និងអ្នកកែច្នៃដំឡូងមីនៅប្រទេសកម្ពុជា ។

 


មានប្រសាសន៍ពាក់ព័ន្ធទៅនឹងដំណោះស្រាយសម្រាប់វិស័យនេះ ទៅកាន់អ្នកចូលរួមមកពីដៃគូអភិវឌ្ឍន៍ (DPs) សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធក្នុងវិស័យដំឡូងមី ឯកឧត្តម 
ម៉ៅ ថូរ៉ា បានលើកឡើងថា ការដាំដំឡូងមីមានកំណើនយ៉ាងឆាប់រហ័សសម្រាប់មួយទសវត្សរ៍ចុងក្រោយនេះ ស្របពេលជាមួយគ្នានេះដែរ ការរីករាលដាលនៃជំងឺឆ្លង បានបន្តរីករាលទៅកាន់តំបន់នានាយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសសម្រាប់តំបន់ដែលមានការដាំដុះដំឡូងមី ដែលប្រការនេះ ទាមទារឲ្យមានការធ្វើសកម្មភាពអនុវត្តដំណោះស្រាយជាបន្ទាន់មួយ ដើម្បីសម្របសម្រួលការគ្រប់គ្រងលើការគំរាមកំហែងនៃជំងឺរាតត្បាតទាំងនោះ ។ ឯកឧត្តម បានស្នើដល់ដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារលើដំឡូងមី គួរពិភាក្សាពីលទ្ធភាពក្នុងការបង្កើតវិទ្យាស្ថានកសិកម្ម ដែលមានឯកទេសក្នុងការដោះស្រាយបញ្ហានៃជំងឺរាតត្បាតលើដំឡូងមីនេះ ។

 


តែទោះយ៉ាងណាក្តី សម្រាប់សកម្មភាពបន្ទាន់នាពេលបច្ចុប្បន្ន ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យឲ្យអង្គសិក្ខាសាលាបន្តកិច្ចពិភាក្សារិះរកវិធីសាស្រ្តសំខាន់ៗ និងផ្តល់អនុសាសន៍ល្អៗទាក់ទងទៅនឹងការអភិវឌ្ឍបន្ថែមទៀត ក៏ដូចការអនុវត្តយុទ្ធសាស្រ្តវិស័យដំឡូងមី ជាពិសេសយុទ្ធសាស្រ្ត ដែលមានលក្ខណៈសមស្របសម្រាប់ដៃគូអភិវឌ្ឍន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធយកមកដោះស្រាយបញ្ហាឧបសគ្គទីផ្សារដំឡូងមី និងការកែច្នៃដំឡូងមីប្រកបដោយប្រសិទ្ធភាព ។

 


ក្នុងនាមជាអ្នកទទួលអនុវត្តសមាសភាគដំឡូងមី ជំនួយឲ្យក្រសួងពាណិជ្ជកម្ម UNDP បានអនុវត្តយុទ្ធសាស្ត្រស្វែងរកទីផ្សារដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ។ កិច្ចពិភាក្សាពិគ្រោះយោបល់បានដំណើរការបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ ក្នុងនោះមានតំណាងរដ្ឋាភិបាល និងវិស័យឯកជន ដោយផ្តោតលើការកែច្នៃដំឡូងមី និងនាំចេញដំឡូងមី សម្រាប់ឱកាសទីផ្សារក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ។

 

 


កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ បានរួមចំណែកដល់ដំណើរការសន្ដិសុខស្បៀងផង និងមួយផ្នែកសម្រាប់ការអភិវឌ្ឍវិស័យនេះឆ្ពោះទៅរកការស្តារឡើងវិញនូវតម្លៃបន្ថែមសម្រាប់ផលិតផលដំឡូងមី តាមរយៈការចូលរួមអនុវត្តខ្សែសង្វាក់តម្លៃ ។

 


នេះជាលើកទីមួយហើយ ដែលភាគីពាក់ព័ន្ធក្នុងវិស័យដំឡូងមី បានផ្តើមពិភាក្សារួមគ្នាក្រោមដំបូលតែមួយ ដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តរបស់ខ្លួន និងសម្រេចចិត្តអនុវត្តសកម្មភាពបន្ទាប់ ។ អ្នកចូលរួម និងអ្នកដាក់ចេញយុទ្ធសាស្រ្តសម្រាប់ដំឡូងមីរួមមាន វិស័យឯកជន (កសិករ សមាជិកសមាគមកសិករដំឡូងមី សហគ្រាស ក្រុមអ្នកែច្នៃ អ្នកទិញ) អ្នកបង្កើតគោលនយោបាយ និងស្ថាប័នគាំទ្រនានា ។

 

 







ស្ថិតិអ្នកចូលទស្សនា

  • 13
  • 183
  • 297
  • 6697
  • 464555